ភ្នំពេញ:ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
ប៉ូលីសថៃបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងក្រុមបាតុករកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលដែលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលគាំទ្រដោយយោធា។
ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីតវ៉ាចំពោះការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយរដ្ឋាភិបាល។ ក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង ព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោត។
បន្ថែមពីលើនេះទៀត ក្រុមបាតុករក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរថវិកាពីការទិញអាវុធរបស់កងទ័ពយកមកទិញវ៉ាក់សាំង mRNA ការពារជំងឺកូវីដ-១៩ Pfizer និង Moderna វិញ ខណៈដែលករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅប្រទេសថៃមានការកើនឡើងដល់ ២១ ៨៣៨នាក់ក្នុងមួយថ្ងៃ ។ វ៉ាក់សាំងតែមួយគត់ដែលកំពុងប្រើ គឺវ៉ាក់សាំង AstraZeneca ប៉ុន្តែមិនមានបរិមាណគ្រប់គ្រាន់ និងវ៉ាក់សាំង Sinovac ដែលមិនមានប្រសិទ្ធភាពប្រឆាំងនឹងទម្រង់វីរុសឌែលតា។
ប្រព័ន្ធផ្សព្វផ្សាយបានរៀបចំការរាយការណ៍នៅទីតាំងតវ៉ាមួយក្នុងចំណោមកន្លែងតវ៉ាសំខាន់ៗទាំងបីនៅភាគខាងជើងនៃទីក្រុងនេះ គឺផ្លូវ Din Daeng ដែលជាកន្លែងដែលក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាដើម្បីប៉ុនប៉ងដង្ហែក្បួនឆ្ពោះទៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។
ប៉ូលីសបានដាក់ពង្រាយកាណុងបាញ់ទឹក និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកនៅវេលាម៉ោងប្រមាណ ១៦:០០នាទី ម៉ោងក្នុងស្រុក (09:00 GMT) នៅពេលដែលក្រុមអ្នកតវ៉ាជួរមុខបានប៉ះទង្គិចជាមួយអង្គភាពកងកម្លាំងពិសេសរបស់ប៉ូលីសប្រដាប់ដោយឧបករណ៍គ្រប់គ្រងហ្វូងមនុស្ស និងខែលប្លាស្ទិច។ នៅវេលាម៉ោងប្រហែល ១៦:១៥នាទី ប៉ូលីសបានប្រកាសថាពួកគេកំពុងបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាដោយគ្រាប់កាំភ្លើងជ័រ។ បន្ទាប់ពីនោះ ក្រុមអ្នកអនុវត្តច្បាប់បានបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកទាំងនៅជួរមុខ និងជួរឈរសំខាន់ៗរបស់ក្រុមបាតុករ។
ក្នុងចំណោមមនុស្សជាង ១ ០០០នាក់នៅក្នុងការដើរក្បួននោះ មនុស្សជាង ១០០នាក់ត្រូវបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងរយៈពេល ១៥នាទីដំបូង។ អ្នកសារព័ត៌មានបាននិយាយថា អ្នកដែលនៅជួរខាងក្រោយបានហុចដបទឹកទៅមុខដើម្បីជួយដល់អ្នករងរបួស។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជ័របានធ្វើឱ្យក្រុមអ្នកតវ៉ាជាច្រើនបង្ខំចិត្តភៀសខ្លួនចេញពីកន្លែងកើតហេតុ។ ប៉ូលីសមិនបានតាមរកពួកគេ ប៉ុន្តែបានបន្តបាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សដែលកំពុងបន្តការតវ៉ា៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល


0 Comments:
Post a Comment