សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការ អនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ»

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសចុះចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះស្ថិតក្នុង ឃុំល្វេ និង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ» និងវិធានការបង្ការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន ឱ្យបានកាន់តែសកម្មបន្ថែមទៀត។ 

 នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការបង្កើនការថែ រក្សាសុខភាព និងការពារខ្លួន ឯងគឺចាំបាច់ណាស់ ព្រោះ វីរុសបំប្លែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា ។

 ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពល រដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឱ្យបាន នូវវិធានការសុខាភិបាល និងត្រូវរាយការ ណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ ក្នុងករណីមានបញ្ហា សង្ស័យ និងអាការ:មិនស្រួលក្នុងខ្លួន ។

 ទន្ទឹមនេះ ឯកឧត្តម ក៏ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ អនាម័យ តាមការណែនាំរបស់ ក្រសួង សុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

 សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះមូល ដ្ឋានស្រុកកោះសូទិន រួមដំណើរដោយឯកឧត្តម រដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល រួមជា មួយថ្នាក់ដឹកនាំក្រសួងព័ត៌ មាន បាននាំយកនូវស្បៀង អាហារ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី រួមទាំងអង្ករវីតាមីន យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ឃុំ ល្វេ ស្រុកកោះ សូទិន ខេត្តកំពង់ចាម ។

 តាមការបញ្ជាក់របស់អាជ្ញា ធរដែនដី ឃុំល្វេ បានឱ្យដឹងថា អ្នកដែលបានទទួល អំណោយពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ មានចំនួន ៧ គ្រួសារ ក្នុងនោះ ៥ នាក់ ជាគ្រូពេទ្យ ប្រចាំនៅមណ្ឌលសុខភាព ហើយ ២ នាក់ ជាប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ របស់ខ្លួនឯង។ ប្រជាពលរដ្ឋ ទាំង ៧ គ្រួសារ ដែលធ្វើចត្តាឡីស័ក នាឱកាសនេះ ទទួលបានអំណោយ ពី ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យួរ មី ១ កេស អង្ករវីតាមីន ១ ប្រអប់ និងថវិកា ១០ មុឺនរៀល។ 

 ជូនថវិកាដល់លោកមេឃុំ ល្វេ ៣០ មុឺន រៀល ក្រុមប្រឹក្សាឃុំ មេ ភូមិ និងស្មៀន ១៦ នាក់ និងប្រជាការពារ ៥ នាក់ សរុបថវិកា ៩០ មុឺនរៀល ។ នៅក្នុងឱកាសនោះ អាជ្ញា ធរដែនដី និងបងប្អូន ប្រជា ពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក បានសំដែងការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារ ដែលបាននាំយកនូវស្បៀងអាហារ និងថវិកា មកចែកជូនដោយផ្ទាល់ ដើម្បីជួយសម្រួលជីវភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ដោយមិនបានចេញក្រៅផ្ទះបំពេញការងារ ប្រកបរបររកសុី មួយរយៈ។

 ចំពោះអ្នកដែលធ្វើចត្តាឡី ស័ក នៅតាមផ្ទះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ និងក្រុមការងារ តែងនាំយកស្បៀងអាហារ មកចែកជូនជាបន្តបន្ទាប់រួច មកហើយ និង បន្តផ្តល់ជូនបន្ថែមទៀត ដូចជា អង្ករ មីម៉ាម៉ា ត្រី ខ ទឹកត្រី ទឹកស៊ីអុីវ ប្រគល់ជូនដល់អាជ្ញាធរ ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុង ធ្វើចត្តាឡីស័ក។


     បន្ទាប់មក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញទៅជួប និងនាំយកអំណោយទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាខ្នងផ្ទះ ក្នុងឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕


ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១

 


ខេត្តកណ្តាល៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ គឺដើម្បីការពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​​ចំណតផែកុងតឺន័រ LM១៧ក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់ ។ 


 ឯកឧត្តមបានមានប្រសាសន៍បន្ដថា កំពង់ផែស្វយ័តភ្នំពេញបានរៀបចំអនុវត្ដន៍​ផែនការរយៈ​ពេលវែង រួមមានគម្រោងអភិវឌ្ឍន៍ចំណតផែរណបទន្លេបិទ គម្រោងអភិវឌ្ឍន៍ ចំណតផែរណបចំនួនពីរ នៅទន្លេមេគង្គលើ និងទន្លេបាសាក់  អភិវឌ្ឍន៍ចំណតផែ ទំនិញចាក់ធារ សាងសង់ ឃ្លាំងត្រជាក់ និងស្ងួត ព្រមទាំងស្ដារ និងថែទាំផ្លូវ នាវាចរណ៍ ដើម្បីសំដៅគាំទ្រដល់ការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្ដរភាពនៃអាជីវកម្ម​របស់កំពង់ផែស្វយ័តភ្នំពេញនេះ។


ឯកឧត្តម ទេសរដ្ឋមន្រ្ដី  បានបន្ថែមថា ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់​សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ ដូច្នេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ  មានភាពងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បី ពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាព ដែលចំណតផែថ្ម TS៣ មាន ហើយដែលពុំអាចធ្វើការពង្រីកទៀតបាន ទោះបីជាយើងបានខិតខំ បង្កើត ទីលានស្តុកកុងតឺន័រ (ICD)ដែលមានទំហំផ្ទៃដី ៩,៣ ហិកតា សម្រាប់ស្តុកទាំងកុងតឺន័រមានទំនិញ និង សំបកកុងតឺន័រ។ ឯកឧត្តមបន្តថា ដូចនេះហើយ ទើបនៅឆ្នាំ២០១១ ទើបកំពង់ផែស្វយ័តភ្នំពេញ យើងបានសម្រេចធ្វើការវិនិយោគលើការ ពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគដែលបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ)។ លើសពីនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ''EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។


 ឯកឧត្តមបន្តថា បន្ទាប់ពីការ សាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្ត ផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុង មួយឆ្នាំ។ 


សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហាន ទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែល​មានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ  និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩​ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយ​ថវិកា​ប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយ ឆ្នាំ៕










អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ




 កំពង់ចាម :ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាមនាព្រឹកថ្ងៃ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខ័ណ្ឌទូទាំងខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ នៅក្នុងក្របខ័ណ្ឌទូទាំងកំពង់ចាម។

ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនាពេលនេះ ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ចៅៗដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងបដិបក្ខ(អង់ទីគ័រ)ការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី៦ឆ្នាំ ទៅ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពស៊ាំក្នុងសង្គម ឱ្យកាន់តែធំដែលអាចឈានទៅបើកលំហសកម្មភាពក្នុងសង្គមឱ្យកាន់តែទូលាយ ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញបាន។

ឯកឧត្ដម អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើងមកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគឺការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាថា បើទោះបីយើងបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី តែកុំភ្លេចខ្លួន និងធ្វេសប្រហែសឱ្យ សោះ គឺត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងអំណរអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជន ។ ដូចនេះសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលទាំងអស់នៅទូទាំងខេត្តកំពង់ចាម ដែលមានកូន ចៅអាយុចាប់ពីអាយុ ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ ទាំងអស់នាំយកកូន ចៅមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមូលដ្ឋានសុខាភិបាលក្នុងក្រុង ស្រុករបស់ខ្លួន ៕ដោយ ឆាយម៉ុត


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើជម្រើសគំនូសប្លង់ នៃការសាងសង់អគារថ្មីមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធវីដេអូពីចម្ងាយ

ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើជម្រើសគំនូសប្លង់នៃការសាងសង់អគារថ្មីមន្ទីរពេទ្យបង្អែកស្រុកកោះធំ ស្ថិតក្នុងខេត្តកណ្តាល ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងភាគីពាក់ព័ន្ធ។ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកកោះធំនេះ កសាងឡើងសំដៅផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមរម្យ គុណភាពល្អ និងឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក និងតំបន់ដែលនៅជិតស្រុកកោះធំ ឱ្យទទួលបានទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្លាំងឡើង ក្នុងការទទួលសេវាសុខភាពពីរាជរដ្ឋាភិបាលកម្ពុជា៕


អាជ្ញាធរ​ចុះបង្ក្រាប​ទីតាំង​ហាង​ផឹកស៊ី​ល្មើ​សមំ​រាម​ឃាត់ខ្លួន​ប្រុស​ស្រី​១៤​នាក់​ទាំងយប់​

 ​ភ្នំពេញៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មានជ័យ​ដឹកនាំ​កម្លាំង​ដោយ​លោក កែវ មុនី អភិបាលខណ្ឌ​ចុះបង្ក្រាប​ទីតាំង​ហាង​ផឹកស៊ី​យីហោ «​ផ្ទះ​ឈើ​ម្ហូប​ខ្មែរ​» មួយកន្លែង​ដែល​ល្មើស​បម្រាម​គោចរ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន ១៤​នាក់ កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​

​តាម​សម្តី​អភិបាលខណ្ឌ​មានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា​ដោយមាន​ការរាយការណ៍​ពី​ប្រជាព​រដ្ឋ​ថា មាន​ហាង​ផឹកស៊ី​ល្មើសច្បាប់​បម្រាម​គោចរ​ទើប​លោក​បញ្ជា​កម្លាំង​រប​ស់លោក បាន​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការជាក់ស្ដែង​មិន​គោរព​តាម រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បំពាន​និង​បម្រាប​គោចរ​ផឹកស៊ី​ជួបជុំគ្នា​មិន​គិតពី​ការឆ្លង​កូ​វីដ​-១៩ កំពុងតែ​រៀលដាល​ក្នុងប្រទេស​។​

​ក្រោយពី​ឃាត់​ខ្លូន សមត្ថកិច្ច​បាន​ឲ្យ​ភ្ញៀវ​ទាំងអស់​តំរង់​ជួរ​គ្នា ដើម្បី​ធ្វើ​សំណាក​ម្នាក់​ម្ដងៗ​បើ​មិនមាន​កូ​វីដ​-១៩​ទេ បាន​ណែនាំ​រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ចំណែក​ម្ចាស់​ទីតាំង​ខាងលើ​ឃាត់ខ្លួន​យក ទៅ​ផាក​វិន័យ​នៅ​អធិការ​ដ្ខា​ន​ខណ្ឌមានជ័យ​តាមផ្លូវ​ច្បាប់​៕​

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ធ្វើពិធីបិទ ស្របដែលមានការតវ៉ា

ភ្នំពេញថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ការប្រកួតកីឡាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទីក្រុងតូក្យូបានសម្រេចពន្យា​ពេលការ​ប្រកួត​នេះរយៈពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលពួកគេត្រូវបានកំណត់ពេលវេលាឡើងវិញ។ ចំណាត់ថ្នាក់ចុងក្រោយបានមើលឃើញថា ក្រុមអត្តពលិកសហរដ្ឋអាមេរិកបាន​ឈ្នះមេដាយ​មាសច្រើនជាងគេ ដោយមានប្រទេសចិន ជប៉ុន អង់គ្លេស និងរុស្ស៊ី ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ។ សារព័ត៌មាន Sputnik បានរាយការណ៍ពីទីក្រុងតូក្យូដែលជាកន្លែងប្រារព្ធពិធីបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ ។ មានភ្ញៀវតិចតួច​ប៉ុណ្ណោះ​ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ដោយសារតែការបារម្ភអំពីបញ្ហាសុខភាព ព្រោះប្រទេសជប៉ុននៅតែទទួល​រងនូវការ​កើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩។ ក្នុងពេលជាមួយគ្នានេះដែរ ការតវ៉ាត្រូវបានធ្វើឡើងនៅមុខទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការអូឡាំពិកជប៉ុន ខណៈដែលក្រុមបាតុករ​កំពុងរិះគន់ដល់សេចក្តីសម្រេចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ដោយលើកឡើងអំពីការចំណាយច្រើនហួស និងការកើនឡើងនៃជំងឺកូវីដ-១៩ ៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល




ប៉ូលីសថៃបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមបាតុករនៅទីក្រុងបាងកក


 ភ្នំពេញ:ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

ប៉ូលីសថៃបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងក្រុមបាតុករកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលដែល​មានការតវ៉ា​ប្រឆាំងនឹងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលគាំទ្រដោយយោធា។

ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីតវ៉ាចំពោះការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយរដ្ឋាភិបាល។ ក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង ព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោត។

បន្ថែមពីលើនេះទៀត ក្រុមបាតុករក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរថវិកាពីការទិញអាវុធរបស់កងទ័ពយកមកទិញវ៉ាក់សាំង mRNA ការពារជំងឺកូវីដ-១៩ Pfizer និង Moderna វិញ ខណៈដែលករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅប្រទេសថៃមានការកើនឡើងដល់ ២១ ៨៣៨នាក់ក្នុងមួយថ្ងៃ ។ វ៉ាក់សាំងតែមួយគត់ដែលកំពុងប្រើ គឺវ៉ាក់សាំង AstraZeneca ប៉ុន្តែមិនមានបរិមាណគ្រប់គ្រាន់ និងវ៉ាក់សាំង Sinovac ដែលមិនមានប្រសិទ្ធភាពប្រឆាំងនឹងទម្រង់វីរុសឌែលតា។

ប្រព័ន្ធផ្សព្វផ្សាយបានរៀបចំការរាយការណ៍នៅទីតាំងតវ៉ាមួយក្នុងចំណោមកន្លែងតវ៉ាសំខាន់ៗទាំងបីនៅភាគខាងជើងនៃទីក្រុងនេះ គឺផ្លូវ Din Daeng ដែលជាកន្លែងដែលក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាដើម្បីប៉ុនប៉ងដង្ហែក្បួនឆ្ពោះទៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។

ប៉ូលីសបានដាក់ពង្រាយកាណុងបាញ់ទឹក និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកនៅវេលាម៉ោងប្រមាណ ១៦:០០នាទី ម៉ោងក្នុងស្រុក (09:00 GMT) នៅពេលដែលក្រុមអ្នកតវ៉ាជួរមុខបានប៉ះទង្គិចជាមួយអង្គភាពកងកម្លាំងពិសេសរបស់ប៉ូលីសប្រដាប់ដោយឧបករណ៍គ្រប់គ្រងហ្វូងមនុស្ស និងខែលប្លាស្ទិច។ នៅវេលាម៉ោងប្រហែល ១៦:១៥នាទី ប៉ូលីសបានប្រកាសថាពួកគេកំពុងបើកការបាញ់ប្រហារទៅលើក្រុម​អ្នកតវ៉ា​ដោយគ្រាប់កាំភ្លើងជ័រ។ បន្ទាប់ពីនោះ ក្រុមអ្នកអនុវត្តច្បាប់បានបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកទាំងនៅជួរមុខ និងជួរឈរសំខាន់ៗរបស់ក្រុមបាតុករ។

ក្នុងចំណោមមនុស្សជាង ១ ០០០នាក់នៅក្នុងការដើរក្បួននោះ មនុស្សជាង ១០០នាក់ត្រូវបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងរយៈពេល ១៥នាទីដំបូង។ អ្នកសារព័ត៌មានបាននិយាយថា អ្នកដែលនៅជួរខាងក្រោយបានហុចដបទឹកទៅមុខដើម្បីជួយដល់អ្នករងរបួស។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជ័របានធ្វើឱ្យក្រុមអ្នកតវ៉ាជាច្រើនបង្ខំចិត្តភៀសខ្លួនចេញពីកន្លែងកើតហេតុ។ ប៉ូលីសមិនបានតាមរកពួកគេ ប៉ុន្តែបានបន្តបាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សដែលកំពុងបន្តការតវ៉ា៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

សហរដ្ឋអាមេរិកមើលឃើញចំនួនឆ្លងជំងឺកូវីដ-១៩ ជាមធ្យមជាង ១០០ ០០០នាក់ក្នុងមួយថ្ងៃ


 ភ្នំពេញ:ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ - ខណៈដែលទម្រង់វីរុសឌែលតាដែលអាចចម្លងបានខ្ពស់បានបន្តរីករាលដាលនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងទាប បានធ្វើឱ្យចំនួនឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ជាមធ្យមរបស់ប្រទេសបានកើនឡើងដល់ជាង ១០០ ០០០នាក់កាលពីថ្ងៃសុក្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការកើនឡើងនៅរដូវរងាក្នុងឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនជាមធ្យមក្នុងរយៈពេល ៧ថ្ងៃនៃការឆ្លងថ្មីដែលបាន​រាយការណ៍​នៅសហរដ្ឋអាមេរិកបានឈានដល់ ១០៧ ១៤៣នាក់ ខណៈដែលចំនួនប្រជាជនជាមធ្យមដែលបានស្លាប់ក្នុងកំឡុងពេលដូចគ្នា គឺមានប្រមាណជិត ៥០០នាក់។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់ប្រមាណ ៣០០ ០០០នាក់កាលពីដើមខែមករា។

មន្រ្តីសុខាភិបាលបានព្រមានថា ការឆ្លង និងការស្លាប់នៅក្នុងប្រទេសនេះនឹងបន្តកើនឡើង ប្រសិនបើនៅតែមានជនជាតិអាម៉េរិកមួយចំនួន​ធំមិនព្រមចាក់វ៉ាក់សាំង។

នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) លោក Rochelle Walensky បានប្រាប់សារព័ត៌មាន CNN ថា «គម្រូរបស់យើងបង្ហាញថា ប្រសិនបើយើងមិនចាក់វ៉ាក់សាំងទេ យើងអាចមានការឆ្លងរហូតដល់ទៅរាប់សិបម៉ឺននាក់ក្នុងមួយថ្ងៃ ដែលប្រហាក់ប្រហែលនឹងការកើន​ឡើងកាលពីដើមខែមករា»។

យោងតាមតួលេខរបស់ CDC បានបង្ហាញថា រដ្ឋផ្លរីដាដែលនៅភាគខាងត្បូងបានចុះបញ្ជីបំបែកកំណត់ត្រាថ្មីនូវករណីឆ្លងចំនួន ២៣ ៩០៣នាក់បន្ថែមទៀតកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាលើកទី ៣ ហើយនៅសប្តាហ៍នេះដែលរដ្ឋមួយនេះបានវ៉ាដាច់កំណត់​ត្រាថ្មីនៃករណីឆ្លងប្រចាំថ្ងៃ។

ប្រមាណ ៤៩ភាគរយនៃប្រជាជននៅក្នុងរដ្ឋផ្លរីដាបានទទួលការចាក់វ៉ាក់សាំងពេញលេញ។ អត្រានេះទាបជាងរដ្ឋធំៗដទៃទៀត ដូចជា​រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋញូវយ៉ក តែខ្ពស់ជាងរដ្ឋតិចសាស់ រដ្ឋមីស៊ីស៊ីពី និងរដ្ឋអាឡាបាម៉ា៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ​ កុសល


៨​ថ្ងៃ កន្លងមក​មាន​យានយន្ត ចំនួន​១.៥៩៧​គ្រឿង ត្រូវបាន​ឃាត់​ករណី​ល្មើស​នឹង​បំរាម​គោរ​ចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

 ​ភ្នំពេញៈ រយៈពេល​៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​សរុប​ចំនួន ១.៥៩៧​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន ៤៧៣​គ្រឿង ធ្វើការ​ផាកពិន័យ​នៅនឹងកន្លែង​បាន​ចំនួន ៣៨៩​គ្រឿង​, ឃាត់ខ្លួន​មនុស្ស​ចំនួន ៥១​នាក់ និង​បញ្ជូនទៅ​តុលាការ​ចំនួន ២៦​នាក់ ផាកពិន័យ និង​អប់រំ​មួយចំនួន​។ នេះ​បើតាម​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ង​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១​នេះ​។​

​សូមជម្រាបថា សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​បម្រាម​គោចរ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣៖៥៩​នាទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១៕​

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​បាងកក​(វីដេអូ)


បាងកក​៖​អ្នក​ប្រឆាំង​តវ៉ា​បាន​វិល​ទៅកាន់​ដង​វិថី​សាជា
ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​សីហា​ចំ​ពេល​កំហឹង​កាន់តែ​កើនឡើង​អំពី​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​ការខ្វះ​វ៉ាក់សាំង​ផលិត​តាម​បច្ចេកវិទ្យា​mRNA​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ជាតិ​។​


ការប៉ះទង្គិច​បានកើត​មាន​នៅ​ពេល​ប៉ូលិស​បាញ់​គ្រាប់​បែកផ្សែង គ្រាប់កាំភ្លើង​ជ័រ​និង​បាញ់​ទឹក​ដើម្បី​រារាំង​កុំអោយ​បាតុករ​រាប់ពាន់នាក់​រុល​ទៅមុខ​។​

​ដោយ​កាន់​ទង់​ពណ៌​ក្រហម អ្នក​ប្រឆាំង​តវ៉ា ដែល​ខ្លះ​ប្រដាប់​ដោយ​ជំ​ពាម​កៅស៊ូ បាន​ប្រឈម​ជាមួយ​ប៉ូលិស​នៅ​ផ្លូវ ឌី​ន ឌែ​ង ក្នុង​ការប្រឈមមុខគ្នា​អស់​១​ម៉ោង នៅពេល​ហ្វូង​មនុស្ស​មាន​ចាប់ផ្តើម​​ធ្វើដំណើរ​ចេញពី​កន្លែង​ជួបជុំ​នៅ​វិមាន​ជ័យជម្នះ​។​

​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​សៅរ៍ កើត​ឡើង​ក្រោយ​មាន​ការជួបជុំ​មនុស្ស ហ្វូង​រថយន្ត​និង​ទោចក្រយានយន្ត​ជាច្រើន នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ជាច្រើន​រួម​មាន​អតីត​សម្ពន្ធ​មិត្ត​​របស់​លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់ អូ​ចា ផង​នៅ​ពេល​ការមិនសប្បាយចិត្ត​កាន់​តែ​កើនឡើង​ជុំវិញ​សភាពការណ៍​កូវី​ដ​១៩​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​។​

​ការបង្ក្រាប​លើ​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​ក៏​ពន្យុះ​ភ្លើងកំហឹង​ផងដែរ​។​

​អ្នក​តវ៉ា​វ័យ​២១​ឆ្នាំ​ម្នាក់​បាន​និយាយថា « បើ​ខ្ញុំ​មិន​ចេញ​មក​នៅ​ថ្ងៃនេះ​ដើម្បី​តវ៉ា​ទេ ខ្ញុំ​នឹង​ជាប់​ក្នុង​រដ្ឋាភិបាល​នេះ ។​កូវី​ដ​១៩ បាន​បើក​ភ្នែក​របស់​ខ្ញុំ​អោយឃើញថា វា​មិន​បាន​ប្រសើរ​ឡើង​ទេ​​ជាមួយ​រដ្ឋាភិបាល​នេះ​»​។​

​ពួក​មេដឹកនាំ​បាតុកម្ម​ក៏​បាន​បញ្ជាក់​ឡើងវិញ​ការទាមទារ​៣​ចំណុច​ដែល​បាន​ធ្វើឡើង​ក្នុង​បាតុកម្ម​មុនៗ​។​ការទាមទារ​ទី​១ គឺ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង ទី​២​បង្វែរ​មូលនិធិ​សំរាប់​​ព្រះមហាក្សត្រ​និង​យោធា​មក​កាន់​ការងារ​ប្រឆាំង​កូវី​ដ​១៩ និង​ចុងក្រោយ អោយ​រដ្ឋាភិបាល​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ផលិតា​ម​បច្ចេកវិទ្យា​mRNA​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជាតិ​។​

​សូមបញ្ជាក់​ថា វ៉ាក់សាំង​ធំ​២​ដែល​ថៃ​កំពុង​ចាក់អោយ​ប្រជាជន​សព្វថ្ងៃ​គឺ​Sinovac​និង AstraZeneca​។​

​ផែនការ​ចេញដំណើ​ររ​បស់​ពួក​បាតុករ​ពី​វិមាន​ប្រជាធិបតេយ្យ​ទៅកាន់​វិមាន​រដ្ឋាភិបាល​និង​ព្រះបរមរាជវាំង​ក្នុង​ក្រុង​បាងកក​ត្រូវ​បាន​ធ្វើអោយ​បរាជ័យ​ដោយសារ​តែ​វត្តមាន​ប៉ូលិស​ច្រើនពេក​។​ពួក​​អ្នករៀបចំ​មកពី​ក្រុមយុវជន​សេរី បន្ទាប់មក​បាន​ដូរ​ចំណុច​ជួបជុំ​ទៅកាន់​វិមាន​ជ័យជម្នះ​វិញ​។​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​ដែល​បាន​បញ្ចប់​ត្រឹម​ម៉ោង​៦​ល្ងាច រថយន្ត​ប៉ូលិស​១​ត្រូវ​បាន​ដុត​បំផ្លាញ និង​អ្នកប្រឆាំង​តវ៉ា​១៤​នាក់​ត្រូវបាន​ចាប់ខ្លួន ។​

​អាជ្ញាធរ​បាន​និយាយថា ប៉ូលិស​ប្រមាណ​៦.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​។​

​រដ្ឋាភិបាក​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​អោយ​ពួក​បាតុករ​គិត​អំពី​សុ​វត្ដិភាព​របស់គេ គ្រួសារ​គេ​និង​សហគមន៍ ហើយ​មាន​ព្រមាន​ថា ពួក​អ្នក​ប្រឆាំង​តវ៉ា​អាច​ត្រូវ​ជាប់គុក​ឬ​ពិន័យ​ប្រាក់​ដោយ​សារ​​តែ​បំពាន​បទបញ្ជា​ហាម​ជួបជុំ​មនុស្ស​ច្រើន​៕


កិច្ចប្រជុំ AMM-54 ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាចំពោះការមូលមតិគ្នាលើ ៥ ចំណុច

ភ្នំពេញ:ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

បណ្តារដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសមីយ៉ាន់ម៉ាចំពោះការមូលមតិគ្នាលើ ៥ ចំណុចនៃកិច្ចប្រជុំមេដឹកនាំអាស៊ាន (ALM) កាលពីចុងខែមេសា និងការទទួលយកសម្រាប់ការអនុវត្តឯកសារឱ្យបានទាន់ពេលវេលា និងពេញលេញ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM-54) កាលពីថ្ងៃទី២ ខែសីហា ពួកគេក៏បានស្វាគមន៍ចំពោះការតែងតាំងរដ្ឋមន្ត្រីការបរទេសទី ២ នៃប្រទេសប្រ៊ុយណេដោយប្រធានអាស៊ានឱ្យធ្វើជាប្រេសិតពិសេសរបស់ប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា។ ។

ក្រោមការតែងតាំងនេះ ប្រេសិតពិសេសនឹងចាប់ផ្តើមការងាររបស់លោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងការកសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយនឹងការចូលទៅក្នុងដំណើរការពេញលេញដល់គ្រប់ភាគីដែលពាក់ព័ន្ធ និងផ្តល់ពេលវេលាកំណត់ច្បាស់លាស់ទៅលើការអនុវត្តកិច្ចការមូលមតិគ្នាលើ ៥ ចំណុច។

នៅក្នុងកិច្ចប្រជុំ ALM ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បណ្តាមេដឹកនាំនៃប្រទេសអាស៊ានបានឈានដល់ការមូលមតិគ្នាលើ ៥ ចំណុចទាក់ទងនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ដែលស្នើសុំឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់យកការអត់ធ្មត់បំផុត និងកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយប្រេសិតពិសេសរបស់ប្រធានអាស៊ាននឹងសម្របសម្រួលការសម្រុះសម្រួលនៃដំណើរការនៃកិច្ចសន្ទនា និងការផ្តល់ជំនួយមនុស្សធម៌អាស៊ានតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌលAHA)៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

ឥណ្ឌាទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ ស ប សម្រាប់ខែសីហា



អន្តរជាតិ៖ប្រទេសឥណ្ឌា បានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែសីហានៅពេលដែលកិច្ចប្រជុំផ្តោតលើសន្តិសុខនាវាចរណ៍និងបច្ចេកវិទ្យានិងការរក្សាសន្តិភាព។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០២ ខែសីហានេះ។ ក្នុងអំឡុងខែនេះឥណ្ឌានឹងរៀបចំការជជែកវែកញែកកម្រិតខ្ពស់ស្តីពីសន្តិសុខសមុទ្រ។ លោកណារ៉េនដ្រាម៉ូឌីនាយករដ្ឋមន្ត្រីឥណ្ឌានឹងធ្វើជាប្រធានកិច្ចប្រជុំនេះ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីគឺជាលទ្ធផលរំពឹងទុកមួយបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខដែលមានបេសកកម្មដើម្បីជំរុញតម្លាភាពនិងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សា។

លោកម៉ូឌីអាចនឹងថ្លែងទៅកាន់ក្រុមប្រឹក្សានៅថ្ងៃទី ៩ ខែ សីហា។ អតីតតំណាងអចិន្រ្តៃយ៍ ឥណ្ឌាប្រចាំនៅអង្គការសហប្រជាជាតិលោក Syed Akbaruddin បាននិយាយថា“ នាយករដ្ឋមន្រ្តីរបស់យើងលោកណារ៉េនដ្រាម៉ូឌីនឹងក្លាយជានាយករដ្ឋមន្រ្តីឥណ្ឌាដំបូងគេដែលបានសម្រេចចិត្តធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អ ស ប (UNSC) ហើយនេះគឺជាការឈរជើងទី ៨ របស់យើងលើ UNSC”។

ឥណ្ឌាក៏មានគម្រោងរៀបចំកិច្ចពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីស្តីពីបច្ចេកវិទ្យានិងការរក្សាសន្តិភាពផងដែរ។ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar នឹងធ្វើជាប្រធាននៃកិច្ចពិភាក្សានេះ។ ឥណ្ឌាក៏អាចបន្តដំណោះស្រាយលើការការពារអ្នករក្សាសន្តិភាពក្នុងអំឡុងខែនេះ។ នៅក្នុងសារវីដេអូតំណាងឥណ្ឌាប្រចាំនៅអង្គការសហប្រជាជាតិលោក T.S. Tirumurti កាលពីថ្ងៃសុក្របាននិយាយអំពីរបៀបវារៈរបស់ទីក្រុងញូវដេលីនឹងបន្តរក្សាការយកចិត្តទុកដាក់លើការប្រឆាំងភេរវកម្ម៕


តោះមកទស្សនា ជំនួបម្ចាស់ផ្ទះ Ha Noi TT យកឈ្នះ ណាហ្គាវើល៍

 



នៅក្នុងការប្រកួតបើកឆាកពូល F នៃពានរង្វាន់ AFC Cup 2019 ក្រុមម្ចាស់ផ្ទះ Ha Noi TT របស់ប្រទេសវៀតណាម បានយកឈ្នះលើក្រុម ណាហ្គាវើល៍ របស់កម្ពុជា ដល់ទៅ ១០ ទល់ ០ នាកីឡដ្ឋាន Hang Day កាលពីម្សិលមិញ។

ក្រុមលេខ១ នៃក្របខណ្ឌកំពូលវៀតណាម (V.league 1) បានធ្វើការសម្រុកយ៉ាងខ្លាំង ហើយកីឡាករ Do Duy Manh រកបាន ១ គ្រាប់ នៅនាទីទី ៦ ដោយទាត់បាល់ពីចម្ងាយយ៉ាងល្អ ស្របពេលដែលខ្សែប្រយុទ្ធ Ganiyu Oseni រកបាន ៤ គ្រាប់ ១៣, ៦៨, ៧៥ នឹង ៨២ ខណ:ដែលកីឡាករ ឡេង មករា ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី ១៨ នឹងនៅនាទី ៤៤ កីឡាករ Nguyen Van Quyet បានទាត់បាល់ ១១ ម៉ែត្រ បានសម្រេច ចំណែកឯកីឡាករ Do Hung Dung, Nguyen Van Dung នឹង Van Dai Ngan រកបានម្នាក់មួយគ្រាប់ផងដែរ។

ដូច្នេះហើយជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះមកលើក្រុមលេខ១ របស់កម្ពុជារដូវកាលមុន បានធ្វើឲ្យ Ha Noi TT ឡើងឈរកំពូលតារាងពូល F ស្របពេល Tampines Rovers FC ឈរលេខ២ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ Yangon United ដោយលទ្ធផល ៣ ទល់ ១ នាថ្ងៃជាមួយគ្នា៕

អាហ្សង់ទីន ត្រូវហាលអាវរបស់ ម៉ាលី នៅ World Cup U20

 


នាយប់មិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិជាតិអាហ្សង់ទីន អាយុក្រោម ២០ឆ្នាំ​ ត្រូវហាលអាវត្រឹមនេះ បន្ទាប់ពីចាញ់ ក្រុមជម្រើសជាតិម៉ាលី អាយុក្រោម ២០ឆ្នាំ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ នៅពេលដែលចប់ ៩០នាទី នឹងម៉ោងបន្ថែម ១៥នាទី ពីរដង បានត្រឹមស្មើគ្នា ២ទល់២ នៅពានរង្វាន់ World Cup U20។

នៅវគ្គទី១ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានដូចគ្នា ប៉ុន្តែដើមវគ្គទី២ U20 អាហ្សង់ទីន រកបានគ្រាប់នាំមុខដោយកីឡាករ Adolfo Gaich នៅនាទី ៤៩​ ។ ការសប្បាយចិត្តរបស់ អាហ្សង់ទីន ត្រូវបានអស់វិញ នៅពេលដែលកីឡាករ Abdoulaye Diaby រកគ្រាប់តាមស្មើវិញឲ្យ ម៉ាលី នៅនាទី ៦៧ ប៉ុន្តែ Abdoulaye Diaby ដដែលបានធ្វើឲ្យក្រុមខ្លួនរបូតគ្រាប់បាល់វិញ ដោយរូបគេធ្វើឲ្យបាល់ចូលទីខ្លូនឯងនាដើមម៉ោងបន្ថែម ១៥នាទី ពោលគឺនាទី៩១ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធ Aboubacar Konte ដែលប្តូចូល អាចរកគ្រាប់តាមស្មើសារជាថ្មីនៅនាទី ១២០ ជិតចប់សប់គ្រាប់ទៅហើយ។

ដូច្នេះក្រុមទាំងពីរត្រូវធ្វើការទាត់បាល់ ១១មែត្រ កាត់សេចក្តី ដោយ U20 អាហ្សង់ទីន ត្រូវបរាជ័យ ៤ទល់៥ ធ្វើឲ្យ U20 ម៉ាលី ឡើងទៅជួបជាមួយ U20 អុីតាលី នាវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី ០៧ ខែ មិថុនា ស្អែកនេះ៕

ក្លិបក្រសួងការពារជាតិ បន្ថែមកីឡាករបរទេស៥រូប និង សម្រេចប្ដូរឈ្មោះ ដាក់រចនាសម្ព័ន្ធថ្មី

 


កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២០ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លិបទ័ព បានសម្រេចប្ដូរឈ្មោះបស់ខ្លួន និងបានប្រកាសពី ថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញឲ្យក្លឹបបាល់ទាត់មួយនេះ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។ ពិធីនោះ ក៏បានប្រកាសថា ក្លឹបទ័ពនឹងទទួលបានការជ្រោមជ្រែង ពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ម៉ឺនរៀល លើសកម្មភាពរបស់ខ្លួន។

ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះ សម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណ:ដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗ ឲ្យកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់់ក្លឹប។ ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃ បានសិទ្ធិគ្រប់គ្រងក្លឹបបាល់ទាត់នេះ រហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិឲ្យនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយ:ពេល ១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០ តទៅនោះផង។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគម បានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថា វត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយឲ្យក្លិបទាំងមូលទទួល បានភាពលេចធ្លោ ខណ:ដែលរយ:ពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន ៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេស មកជួយពង្រឹងក្រុមផងដែរ៕