







ខេត្តកណ្តាល៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ គឺដើម្បីការពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់ ។
ឯកឧត្តមបានមានប្រសាសន៍បន្ដថា កំពង់ផែស្វយ័តភ្នំពេញបានរៀបចំអនុវត្ដន៍ផែនការរយៈពេលវែង រួមមានគម្រោងអភិវឌ្ឍន៍ចំណតផែរណបទន្លេបិទ គម្រោងអភិវឌ្ឍន៍ ចំណតផែរណបចំនួនពីរ នៅទន្លេមេគង្គលើ និងទន្លេបាសាក់ អភិវឌ្ឍន៍ចំណតផែ ទំនិញចាក់ធារ សាងសង់ ឃ្លាំងត្រជាក់ និងស្ងួត ព្រមទាំងស្ដារ និងថែទាំផ្លូវ នាវាចរណ៍ ដើម្បីសំដៅគាំទ្រដល់ការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្ដរភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញនេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្ដី បានបន្ថែមថា ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ ដូច្នេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ មានភាពងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បី ពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាព ដែលចំណតផែថ្ម TS៣ មាន ហើយដែលពុំអាចធ្វើការពង្រីកទៀតបាន ទោះបីជាយើងបានខិតខំ បង្កើត ទីលានស្តុកកុងតឺន័រ (ICD)ដែលមានទំហំផ្ទៃដី ៩,៣ ហិកតា សម្រាប់ស្តុកទាំងកុងតឺន័រមានទំនិញ និង សំបកកុងតឺន័រ។ ឯកឧត្តមបន្តថា ដូចនេះហើយ ទើបនៅឆ្នាំ២០១១ ទើបកំពង់ផែស្វយ័តភ្នំពេញ យើងបានសម្រេចធ្វើការវិនិយោគលើការ ពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគដែលបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ)។ លើសពីនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ''EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។
ឯកឧត្តមបន្តថា បន្ទាប់ពីការ សាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្ត ផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុង មួយឆ្នាំ។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហាន ទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយ ឆ្នាំ៕
កំពង់ចាម :ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាមនាព្រឹកថ្ងៃ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខ័ណ្ឌទូទាំងខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ នៅក្នុងក្របខ័ណ្ឌទូទាំងកំពង់ចាម។
ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនាពេលនេះ ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ចៅៗដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងបដិបក្ខ(អង់ទីគ័រ)ការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី៦ឆ្នាំ ទៅ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពស៊ាំក្នុងសង្គម ឱ្យកាន់តែធំដែលអាចឈានទៅបើកលំហសកម្មភាពក្នុងសង្គមឱ្យកាន់តែទូលាយ ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញបាន។
ឯកឧត្ដម អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើងមកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគឺការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាថា បើទោះបីយើងបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី តែកុំភ្លេចខ្លួន និងធ្វេសប្រហែសឱ្យ សោះ គឺត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងអំណរអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជន ។ ដូចនេះសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលទាំងអស់នៅទូទាំងខេត្តកំពង់ចាម ដែលមានកូន ចៅអាយុចាប់ពីអាយុ ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ ទាំងអស់នាំយកកូន ចៅមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមូលដ្ឋានសុខាភិបាលក្នុងក្រុង ស្រុករបស់ខ្លួន ៕ដោយ ឆាយម៉ុត

.j.jpg)
.j.jpg)