

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់វិធានការរដ្ឋបាលចំពោះ តំបន់លឿងទុំ រយៈពេល៧ថ្ងៃ និងតំបន់លឿង រយៈពេល១៤ថ្ងៃទៀត សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីសម្រេច បានបន្តដាក់វិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបន្តចែកជា២តំបន់ តំបន់លឿងទុំ និងតំបន់លឿង ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។
តាមរយៈសេចក្តីសម្រេច ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ” ត្រូវអនុវត្តបន្តរយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី ២៦ខែឧសភា ដែលមានដូចជា ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយយឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង និងភូមិទូលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្រៅពីភូមិសាស្ត្រ ដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ” ភូមិសាស្រ្តទាំងអស់ផ្សេងទៀតនៃរាជធានីភ្នំពេញ ត្រូវបានកំណត់ជា “តំបន់លឿង ។
តាមរយៈសេចក្តីសម្រេច ឯកឧត្តម ឃួង ស្រេង ក៏បានឲ្យដឹងថា វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោះ តំបន់លឿង ត្រូវអនុវត្តសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២១ ដោយត្រូវអនុលោមតាមគោលការ តំបន់លឿង មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែ ត្រូវអនុវត្តវិធានការរដ្ឋបាល ដោយអនុលោមតាម ប្រការ៥ នៃសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ" និង "តំបន់លឿង" សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
បន្ថែមពីនោះ ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់វិធានការ ឲ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩ ។ ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល ឬ អគារ ឬអាជីវកម្មដ្ឋាន ឬ ជាច្រកផ្លូវ ឬ ជាប្លុកតូចៗនោ៖ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវ អនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


0 Comments:
Post a Comment